ព័ត៌មានជាតិ

ថៃរំពឹងថា វ៉ាក់សាំង​ប្រឆាំង COVID-19 របស់​​ខ្លួន​នឹង​អាច​ដាក់​ឱ្យប្រើប្រាស់​នៅ​ឆ្នាំក្រោយ

បាងកក ៖ ​លោក Taweesin Wisanuyothin អ្នក​នាំ​ពាក្យ​របស់​រាជរដ្ឋាភិបាលថៃ​បានថ្លែងថា ប្រទេស​ថៃ​រំពឹង​ទុក​ថា​ ខ្លួន​នឹង​មាន​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 នៅ​ឆ្នាំ​ក្រោយ​បន្ទាប់ពី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៃ​ការ​តេស្តសាកល្បងលើ​សត្វ​កណ្ដុរ។

លោកបន្តថា វ៉ាក់សាំង​ ប្រភេទ RNA  (messenger RNA) នេះ ​ត្រូវ​បាន​បង្កើត​ដោយ​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ​នៃ​សាកលវិទ្យាល័យ Chulalongkorn។ វ៉ាក់សាំង​នេះ ​នឹង​ជួយ​ជំរុញ​រាងកាយ​ឱ្យ​ផលិត​ antigen ​ជាម៉ូលេគុលនៅលើផ្ទៃរបស់វីរុសដែលអាចជំរុញ​ឱ្យប្រព័ន្ធ​ភាព​ស៊ាំ​ មាន​ការ​ឆ្លើយ​តប​ទៅនឹង​វីរុស។ លោកបញ្ជាក់ថា អ្នកជំនាញ​ថៃ ​នឹង​ចាប់ផ្ដើម​ធ្វើ​តេស្ដ​​វ៉ាក់សាំង​ថ្មី​នេះ ​ទៅ​លើ​សត្វ​ស្វា​បន្ត​ទៀតនៅ​សប្ដាហ៍​ក្រោយបន្ទាប់ពី​តេស្ដ​លើ​សត្វ​កណ្ដុរ​ទទួល​បាន​លទ្ធផល​វិជ្ជមាន។

លោកអះអាងថា​ ​អ្នកជំនាញ​​រំពឹង​ថា ​វ៉ាក់សាំង​​នឹង​ប្រើ​ប្រាស់​នៅ​ឆ្នាំ​ក្រោយ ហើយ​ប្រទេស​ថៃ​ចង់​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​មាន​វ៉ាក់សាំង​ប្រឆាំងវីរុសCOVID-19 និង​ដាក់​ឱ្យ​ប្រើប្រាស់។

សូមជម្រាបថា បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ជាង ​១០០​ដែល​បាន​បង្កើត​ឡើង​ ហើយ​មាន​វ៉ាក់សាំង​ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​ការ​តេស្ដ​សាកល្បង​ទៅ​លើ​មនុស្ស​ ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​បាន​លើកឡើង​ថា ​វ៉ាក់សាំង ​អាច​នឹង​ត្រូវ​ការ​ពេល​យ៉ាងតិច​១២​ខែ។

គួរបញ្ជាក់ថា គិត​មក​ដល់​ថ្ងៃ​នេះ​ ប្រទេស​ថៃ​មាន​ករណី​ឆ្លង​សរុប ៣ ០៣៤​ករណី ក្នុង​នោះ​មាន​អ្នក​ជា ២ ៨៥៧​នាក់​ និង​អ្នកស្លាប់ ៥៦​នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *