ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅ មណ្ឌល​សុខភាព ចាក់អង្រែក្រោម និងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត

ភ្នំពេញ : ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានចុះទៅពិនិត្យមណ្ឌលចត្តាឡីស័ក និង​សួរ​សុខទុក្ខ ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកទឹកចិត្តដល់ក្រុម​គ្រូពេទ្យ ដែលបានមើលថែ និងព្យាបាល ជូនអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកនៅទីនោះ នារសៀលថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ។

ឯកឧត្ដម ឃួង ស្រេង បានកោតសរសើរចំពោះក្រុមគ្រូពេទ្យ ដែលកំពុងមើលថែ និង ព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័កដោយយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខុមាល​ភាពអ្នកជំងឺកន្លងមក។ ឯកឧត្ដមអភិបាលក៏បានជំរុញឱ្យក្រុមគ្រូពេទ្យបន្តកិច្ចការងារនេះឱ្យ​បានល្អបន្ថែមទៀត ដើម្បីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្ដមអភិបាលបានណែនាំ​ដល់ក្រុមគ្រូពេទ្យទាំងអស់ បន្តយកចិត្តទុកដាក់ និងជួយណែនាំដល់អ្នកធ្វើចត្តាឡីស័កដោយ អនុវត្តន៍វិធានសុខាភិបាល ត្រូវលាងដៃជាមួយសាប៊ូ ជែល និងអាល់កុល ពាក់ម៉ាស់ ពិសេស អនុវត្តន៍វិធាន ការពារ៣ កុំ និង ៣ការពារ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

បន្ទាប់មក នៅរសៀលថ្ងៃដដែលនោះដែរ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានបន្ត អញ្ជើញទៅពិនិត្យ និងសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ក្នុង​សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ផងដែរ៕

ដោយ សួស សំរិត: សម្រួលការផ្សាយ anhotnews

an

Leave a Reply

Your email address will not be published. Required fields are marked *