ព័ត៌មានជាតិ សន្តិសុខសង្គម

ករណីចូលកាប់ និងចាក់សម្លាប់មនុស្សដល់ក្នុងផ្ទះនៅខណ្ឌជ្រោយចង្វារ ផ្តើមចេញពីទំនាស់ពាក្យសម្តីតូចតាច, កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបដោយជោគជ័យ

(ភ្នំពេញ)៖ អណ្តាតជាអាថ៌កន្លង បានសុខទុក្ខផងដោយសារអណ្តាត! កំហឹងទល់កំហល់ ដល់ទីបំផុត នឹងក្លាយជាសោកនាដកម្មបំផ្លាញទាំងអ្នកដទៃ បំផ្លាញទាំងខ្លួនឯង ជាក់ស្តែង ករណីឃាតកម្ម កាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត និង២នាក់ទៀតផ្សេងទៀតរងរបួសធ្ងន់ធ្ងរ បង្កឡើងដោយជនសង្ស័យ៦នាក់ បានចូលទៅកាប់និងចាក់សម្លាប់ដល់ក្នុងផ្ទះ ដែលស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺគ្រាន់តែផ្តើមចេញពីទំនាស់ពាក្យសម្តីតូចតាចតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ រួមជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទៅដល់កន្លែងកើតហេតុភ្លាម និងបានបើកការស៊ើបអង្កេត ស្រាវជ្រាវប្រមាណ២ម៉ោង ក៏ឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (ក្នុងនោះ២នាក់គឺជាជនដៃដល់ក្នុងចំណោមបក្ខពួក៦នាក់ និងម្នាក់ទៀតត្រូវបានជនដៃដល់យកដាវទៅផ្ញើក្នុងបន្ទប់) នៅដីទំនេរមួយកន្លែងដែលសង់អោយកម្មករស្នាក់នៅ ជាប់ផ្លូវជាតិលេខ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ដំបូងឡើយនៅយប់កើតហេតុ ក្រុមរបស់ពួកគេមានគ្នា៦នាក់ បានបបួលគ្នាជិះម៉ូតូដើរលេង ដោយមានដាក់ដាវនិងកំបិតទៅជាមួយ ក្នុងម្នាក់ៗមានមួយដើមគ្រប់ដៃ លុះជិះដល់កន្លែងកើតហេតុ ពួកគេបានឃើញជនរងគ្រោះមួយក្រុមកំពុងផឹកស៊ីចាក់បាស់ ពេលនោះពួកគេបានលើកដៃហ៊ោកញ្ច្រៀវ ស្រាប់តែមានជនរងគ្រោះម្នាក់បានស្រែកដាក់ពួកគេថា «ពួកហែងមើលអី? ហើយស្រែកអី? ក្បាលមួយស្បែកជើងឥឡូវហើយ!» ភ្លាមនោះពួកគេទាំង៦នាក់បានជិះហួសបន្តិច ក៏បានបត់ម៉ូតូត្រឡប់មកក្រោយវិញ ហើយសួរថា «អម្បាញ់មិញថាឲ្យពីណាគេ? ពេលនោះជនរងគ្រោះម្នាក់ក៏បានស្រែកមកវិញថា «ចុះហែងចង់យ៉ាងម៉េច?» ក៏បង្ករឲ្យមានជាទំនាស់ពាក្យសម្តី ហើយពួកគេក៏បានទាញដាវដែលសៀតជាប់ជើងម្នាក់មួយដើមៗចេញមក ធ្វើសកម្មភាពកាប់ចាក់ទៅលើក្រុមជនរងគ្រោះតែម្តង។

ពេលនោះជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះ ពួកគេក៏ដេញតាម ទៅកាប់និងចាក់បន្ថែមដល់ក្នុងផ្ទះបណ្តាលឲ្យស្លាប់និងរបួស ហើយពួកគេក៏ឡើងជិះម៉ូតូចេញពីកន្លែងកើតហេតុតែម្តង។ ក្រោយមកពួកគេចូលដល់កន្លែងស្នាក់នៅបានប្រហែលមួយម៉ោង ក៏ស្រាប់តែមានសមត្ថកិច្ចបានតាមទៅដល់និង ធ្វើការឡោមព័ន្ធចាប់ខ្លួនពួកគេទាំង៣នាក់ រីឯអ្នកផ្សេងទៀតបានដឹងខ្លួនទាន់ ក៏រត់គេចខ្លួនបាត់អស់។

ជាមួយគ្នានេះដែរ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏សូមធ្វើការអំពាវនាវ ចំពោះសាធារណៈជនទាំងឡាយណា ដែលបានឃើញ ឬស្គាល់ ឬមានដំណឹង របស់ជនសង្ស័យ៤នាក់ដែលបានរត់គេចខ្លួន មានឈ្មោះដូចខាងក្រោម៖
១៖ ជនសង្ស័យទី១ ឈ្មោះ រិទ្ធ ដែលមានអាខោនហ្វេសប៊ុកឈ្មោះ Rith Sky
២៖ ជនសង្ស័យទី២ ឈ្មោះ ក្រឹម ដែលមានអាខោនហ្វេសប៊ុកឈ្មោះ បងរិត បងរិត
៣៖ ជនសង្ស័យទី៣ ឈ្មោះ រ៉ា ដែលមានអាខោនហ្វេសប៊ុកឈ្មោះ បងរា និងអាខោមួយទៀតឈ្មោះ Bro Raa
៤៖ ជនសង្ស័យទី៤ ឈ្មោះ មិត្ត ហៅអាបង ដែលមានអាខោនហ្វេសប៊ុកឈ្មោះ Fii Boy និងអាខោមួយទៀតឈ្មោះ Gk Co

សូមរាយការណ៍ មកកាន់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានទូរស័ព្ទលេខ៖
– 012 383 383
– 012 66 77 98
– 017 81 81 71
ឬរាយការណ៍ទៅកាន់សមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត សមត្ថកិច្ចនឹងធានា រក្សាការសម្ងាត់ជូន។

 

an

Leave a Reply

Your email address will not be published. Required fields are marked *