ព័ត៌មានជាតិ

លោក ជា អឿង បានថ្លែងជំរុញបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាមួយប្រជាពលរដ្ឋនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានអ្នកចូលរួមប្រមាណជិត១០០នាក់។

លោក ជា អឿង បន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់តម្រូវការប្រចាំថ្ងៃដូចជាការ ដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យ បានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌របស់មន្ត្រីហើយនឹងប្រាកដជាទទួលបាន នូវការគាំទ្រ មកវិញពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតជាក់ជាមិនខាន។ មន្ត្រីទាំងអស់គប្បី យកចិត្តទុកដាក់ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួនមានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ និងអនុវត្តឲ្យបាននូវអភិក្រមទាំងប្រាំចំណុចគឺ ដុះក្អែល ងួតទឹក ឆ្លុះកញ្ចក់ ព្យាបាល និងចុងក្រោយវះកាត់។

ម៉្យាងវិញទៀត ត្រូវចូលរួមលុបបំបាត់ទាំងស្រុងនូវការបង្កើតបនល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន និងចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាឲ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងប្រទេសជាតិ និងពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីតម្លៃនៃការខិតខំប្រឹងប្រែងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះលោក ជា អឿង ក៏បានលើកឡើងខ្លះៗផងដែរ ពីប្រវត្តិនៃបនប្រល័យពូជសាសន៍ ប៉ុលពត ដែលបានបញ្ជាក់ថា ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ ដែលបង្ករឡើងដោយពួក លន់ នល់ គាំទ្រដោយសហរដ្ឋអាមេរិក មាតុភូមិកម្ពុជា ត្រូវបានធ្លាក់ ទៅក្នុង សង្រ្គាមរុំារ៉ៃ និងរងការបំភ្លេចបំផ្លាញ ក្រោមការទំលាក់គ្រាប់បែក ជាងបីលានតោន។ ក្រោយទឹកដីត្រូវបានរំដោះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បនប្រល័យ ពូជសាសន៍ ប៉ុលពត បានឆក់ដណ្តើមយកជ័យជំន្នះនេះពីប្រជាជន ហើយបង្កើតឡើងនូវរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ដោយបានប្រែក្លាយទឹកដីកម្ពុជា ជាគុកឥតជញ្ជាំង ជាវាលពិឃាតដ៏ឃោឃៅជាទឹកដីដែលគ្របដណ្តប់ ដោយឈាម ទឹកភ្នែក និងគំនរសាកសពរបស់ប្រជាជនកម្ពុជា។

ក្រោមទង់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី០២ ធ្នូ ឆ្នាំ១៩៧៨ ដោយមានចលនាចូលរួមពីអ្នកស្នេហាជាតិមកពីគ្រប់ទីតំបន់នៃប្រទេសកម្ពុជា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ចលនាអ្នកតស៊ូនេះ បានទទួលជោគជ័យដោយបានផ្តួលរំលំរបបបនប្រល័យពូជសាសន៍ប៉ុលពតជាស្ថាពរ។

លោកបន្តទៀតថា បច្ចុប្បន្នប្រទេសមានសន្តិភាព និងស្ថេរភាពនយោបាយ ដោយសារមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជូនជាតិមាតុភូមិកម្ពុជាវិញនូវសុខសន្តិភាព ស្ថិរភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមមាគ៌ានយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចផងដែរ៕

an

Leave a Reply

Your email address will not be published. Required fields are marked *