ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះឃាត់រថយន្ត និងម៉ូតូរ៉ឺម៉កលួចដឹកជ្រូក១៩ក្បាលពីប្រទេសថៃមកកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាត

(បន្ទាយមានជ័យ)៖ កម្លាំងចម្រុះខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីលួចនាំសត្វជ្រូករស់២ករណី ឃាត់រថយន្តមួយគ្រឿង និងម៉ូតូរ៉ឺម៉ក់សណ្តោងមួយគ្រឿង ដកហូតបានសត្វជ្រូកចំនួន១៩ក្បាល នៅចំណុចច្រកអូរកំបុត ស្រុកថ្មពួក និងតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ករណីទី១៖ នៅវេលាម៉ោង១៖៣១នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានរថយន្តម៉ាក TOYOTA CAMARY ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2B-1715 លួចដឹកជ្រូករស់ចំនួន៨ក្បាល ចេញពីប្រទេសថៃ តាមច្រកអូរកំបុត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះយកមកចែកចាយនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្រុមការងារបានឃាត់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ករណីទី២៖ នៅវេលាម៉ោង៣៖៦នាទីទាបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ឃាត់បានម៉ូតូសន្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាក HONDA WAVE ពណ៌ខ្មៅលាយបៃតង់ ដឹកសត្វជ្រូករស់ចំនួន ១១ក្បាល។ ម៉ូតូខាងលើដឹកជ្រូករស់មកពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យកមកចែកចាយនៅ ខេត្តបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្រុមការងារបានឃាត់នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

វត្ថុតាងទាំង២មានរថយន្ត និងម៉ូតូលួចដឹកជ្រូក ១៩ក្បាលនោះ ត្រូវសមត្ថកិច្ចចម្រុះយកមករក្សាទុក នៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

an

Leave a Reply

Your email address will not be published. Required fields are marked *