ព័ត៌មានជាតិ

សម្ដេចពញាចក្រី ហេង សំរិន អញ្ជើញបញ្ចុះបឋមសិក្សាសាងសង់អគារសិក្សាថ្មី កម្ពស់២ជាន់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន អញ្ជើញបញ្ចុះបឋមសិក្សាសាងសង់អគារសិក្សាថ្មី កម្ពស់២ជាន់ មាន១២បន្ទប់ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស នៅក្នុងមូលដ្ឋាន។

ថ្លែងក្នុង ឱកាសនោះ សម្ដេចពញាចក្រី ហេង សំរិន រំលឹកថា តំបន់នេះ កន្លែងនេះ គ្មានផ្លូវគមនាគមន៍មកដល់ទេ ពោលអតីតកាលសុទ្ធតែព្រៃ គ្មានសាលា គ្មានផ្លូវ ហើយប្រជាជននៅតំបន់កន្លែងនេះ គ្មានចំណេះដឹង បើបានរៀនសូត្រ គឺរៀនតាមវត្ត ក្នុងកុដ្ឋិ សាលាឆានប៉ុណ្ណោះ ហើយភាគច្រើនអ្នកបន្តបានរៀនសូត្រ មានតែអ្នកបួសរៀន ទើបបានបន្តសិក្សាជាមួយ វិស័យព្រះពុទ្ធសាសានាជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។

សម្តេចប្រធានរដ្ឋសភា ក៏បានអំពាវនាវដល់មាតាបិតាសិស្សទំាងអស់ ត្រូវបញ្ជួនកូនទៅសិក្សាឲ្យបានគ្រប់គ្នា ហើយសម្ដេចក៏អំពាវនាវដល់យុវជន ដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យខ្ពង់ខ្ពស់ ហើយក្លាយជាយុវជនគំរូ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងចំណេះដឹង និងចរិយាសម្បត្តិ ដែលនឹងក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគតទាំងការគ្រប់គ្រងស្ថាប័ន ក៏ដូចជាមេគ្រួសារផងដែរ។

ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាបពលរដ្ឋ អាជ្ញាធរមូលដ្ឋានពីសភាពការប្រទេសជាតិ ការីកចម្រើនរបស់សង្គមជាតិ នៅក្រោមម្លប់សុខសន្តភាព ពិសេសការវិវឌ្ឍន៍ៗ នៃជំងឺកូវីដ១៩។ សម្តេចលើកឡើងថា រាជរដ្ឋាភិបាលបានគ្រប់គ្រង និងដោះស្រាយវិបត្តិនេះ ទាន់ពេលវេលា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការណ៍ច្បាស់លាស់ ម៉ឺងម៉ាត់ ម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ដូចជាកម្មវិធីជំនួយសង្គម ពិសេសការឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ ការឧបត្ថម្ភសាច់ប្រាក់ពលកម្មជូនកម្មករបាត់បង់ការងារ ការឧបត្ថម្ភសាច់ប្រាក់ ចំពោះស្រ្តីមានផ្ទៃពោះ និងក្មេងអាយុក្រោម២ឆ្នាំ និងវិធានការអន្តរាគមន៍ផែ្នកសេដ្ឋកិច្ច ជាដើម។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានកំពុងស្វះសែងរកវ៉ាក់សំាងការពារ មកចាក់ជូនពលរដ្ឋដោយឥតគិតប្រាក់ នៅក្នុងនោះកាលពីពេលថ្មីៗនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងពីមិត្តចិន ប្រមាណ៦០ម៉ឺនដូស ហើយបានកំពុងដំណើរចាក់ជូនបុគ្គលអាទិភាពនានា ជាពិសេសមន្រ្តីសុខាភិបាលជួរមុខ នគរបាល និងកងកម្លំាងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាអ្នកប្រឈមខ្លាំង និងផ្ទាល់ទៅនឹងជំងឺកូវីដ១៩។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានក្រើនរំលឹកចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ ត្រូវបន្តរួមគ្នាធ្វើអន្តរាគមន៍ ដោះស្រាយបញ្ហាពលរដ្ឋឲ្យទាន់ពេលវេលា ចំបញ្ហាចំពោះមុខ ជាពិសេសត្រូវបន្តជំរុញលើកទឹកចិត្តពលរដ្ឋអនុវត្តវិធានការពារជំងីកូវីដ១៩ ឲ្យបានខ្ជាប់ខ្ជូន មិនអាចធ្វេសប្រហែសបានឡើយ ដោយសារសកលោក នៅតែប្រឈមនឹងជំងឺរាតត្បាតនេះរៀងរាល់ថ្ងៃនៅឡើយ៕

an

Leave a Reply

Your email address will not be published. Required fields are marked *