ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រ កម្ពុជា ឆ្នាំ២០១៩ បានបញ្ជាក់ថាៈ តាមលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៩ ប្រជាជនកម្ពុជា មានចំនួន ១៥,៦ លាននាក់ កើនឡើងពី ១៣,៤ លាននាក់ នៅក្នុងឆ្នាំ២០០៨។ អត្រាកំណើនប្រចាំឆ្នាំ មាន ១,៤ ភាគរយ នៅឆ្នាំ២០១៩។ អត្រាកំណើន បានធ្លាក់ចុះពី ១,៥ ភាគរយ នៅឆ្នាំ ២០០៨។ ការបញ្ជាក់នេះ បានធ្វើឡើង នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ របាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១៩ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃ២៦ ខែមករា ឆ្នាំ២០២១។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាៈ ការប្រកាសផ្សព្វផ្សាយរបាយការណ៍ ជាតិ នៃលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រដ៏សំខាន់មួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលបាន ប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ ស្របតាមច្បាប់ជាធរមាន។ ការដឹកនាំគ្រប់សកម្មភាព ការងារជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ បានប្រព្រឹត្តទៅល្អប្រសើរ និងរលូនតាមផែនការ ជំរឿន។ គុណភាពជំរឿន ឆ្នាំ២០១៩ បានកើនឡើង ប្រៀបធៀបនឹងជំរឿន ឆ្នាំ២០០៨ កន្លងមក ជាទូទៅ គឺមានតែការធ្វើជំរឿន ប្រជាជនប៉ុណ្ណោះទេ ដែលអាចផ្តល់នូវ ការឆ្លុះ បញ្ចាំង អំពីស្ថានភាពប្រជាជនរបស់ប្រទេស រហូតដល់កម្រិតថ្នាក់ក្រុមតូចៗ និងជួយដល់ រាជរដ្ឋាភិបាល ក្នុងការរៀបចំតាក់តែង អនុវត្តគោលនយោបាយ មានប្រសិទ្ធភាព ដូចជា គោលនយោបាយជាតិប្រជាជន និងរៀបចំគម្រោងកម្មវិធីផ្សេងៗ ដើម្បីទទួលបាននូវ តុល្យភាព រវាងប្រជាជន និងការអភិវឌ្ឍ។ ជំរឿនប្រជាជន គឺជាប្រភពព័ត៌មាន តែមួយគត់ ស្តីអំពីចំនួន និងចរិតលក្ខណៈប្រជាជន។
សម្តេចក្រឡាហោម បានបញ្ជាក់ថាៈ ជំរឿនប្រជាជន មានវិសាលភាពរឹងមាំ ល្អិតល្អន់ និងអាចផ្តល់អោយនូវ ចំនួនប្រជាជន ក្នុង តំបន់រហូតដល់ថ្នាក់តូចៗ ថែមទៀត ដែល ប្រភពទិន្នន័យផ្សេងៗទៀត មិនមានឡើយ។
សម្តេចក្រឡាហោម បានបញ្ជាក់ថាៈ តាមលទ្ធផលចុងក្រោយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៩ ប្រជាជនកម្ពុជា មានចំនួន ១៥,៦ លាននាក់ កើនឡើងពី ១៣,៤ លាននាក់ នៅក្នុងឆ្នាំ២០០៨។ អត្រាកំណើនប្រចាំឆ្នាំ មាន ១,៤ ភាគរយ នៅឆ្នាំ២០១៩។ អត្រា កំណើន បានធ្លាក់ចុះពី ១,៥ ភាគរយ នៅឆ្នាំ២០០៨។ ការធ្លាក់ចុះនេះ គឺដោយសារការ អនុវត្តដោយជោគជ័យ នូវគោលនយោបាយជាតិប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការ ជាសាធារណៈ ដើម្បីកាត់បន្ថយ លទ្ធភាពបង្កកំណើត និងមរណភាព។ អត្រាកំណើន ប្រជាជន នៅខ្ពស់ជាងអត្រាមធ្យម នៃប្រជាជាតិ អាស៊ីអាគ្នេយ៍។ នៅមានកិច្ចការជាច្រើន ដើម្បីធ្វើក្នុងការបង្កើន នូវលក្ខខ័ណ្ឌសុខភាពប្រជាជន អោយប្រសើរឡើងនូវសេវាសុខភាព បន្តពូជរបស់ស្ត្រី និងការកាត់បន្ថយ នូវមរណភាពកុមារ ទារក និងមរណភាពមាតា។
ក្នុងចំណោមរាជធានី ខេត្តទាំងអស់ រាជធានីភ្នំពេញ មានប្រជាជនច្រើនជាងគេ គឺ ២.២៨១.៩៥១ នាក់ ឬ ១៤,៧% តាមលំដាប់លំដោយ ខេត្តកណ្តាល (៧,៧%) ព្រៃវែង (៦,៨%) សៀមរាប (៦,៥%) បាត់ដំបង (៦,៤%) តាកែវ (៥,៨%) និងកំពង់ចាម (៥,៨%) ចំណែកខេត្តកែបវិញ មានប្រជាជនទាបបំផុត (០,៣%) ប៉ុណ្ណោះ ។
សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថាៈ “យើងសង្កេតឃើញមាន និន្នាការកើនឡើង នូវតំបន់ទីប្រជុំជន ទូទាំងប្រទេស។ ភាគរយនៃប្រជាជន ទីប្រជុំជន បានកើនពី ១៩,៥ ភាគរយ នៅឆ្នាំ២០០៨ ដល់ ៣៩,៤ ភាគរយ នៅឆ្នាំ ២០១៩ ដែលបញ្ជាក់ពី ជោគជ័យ ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល។ ប្រជាជនដែលធ្លាប់ ធ្វើការផ្លាស់ប្តូរ លំនៅដ្ឋាន ក្នុងអតីតកាល មុនធ្វើ ជំរឿនមានតែ ២១,៥ ភាគរយ ក្នុងចំណោមប្រជាជនសរុប។ ជំរឿនឆ្នាំ ២០១៩ ប្រជាជន ផ្លាស់ទីពីជនបទ នៅតំបន់ទីប្រជុំជន បានកើនឡើង។ នេះមានន័យថា ទីក្រុង និងទីប្រជុំជនយើង មានប្រជាជនកាន់តែច្រើន ដែលនាំឱ្យមានតំរូវ ការលំនៅដ្ឋាន និងសម្ភារៈ ប្រើប្រាស់ផ្សេងៗទៀត កើនឡើង។ ជំរឿនបង្ហាញថា ភាសាខ្មែរ គឺជាភាសា កំណើតច្រើនលើសលុប នៅក្នុងប្រទេស គឺ ៩៥,៨ ភាគរយ។ អ្នកនិយាយភាសាកំណើត ជនជាតិដើមភាគតិច រួមមាន ២,៩ ភាគរយ ។ អ្នកនិយាយភាសាបរទេសជាភាសាកំណើត រួមមានតែ១,៤ ភាគរយ ប៉ុណ្ណោះ”។ ការអប់រំមានសារៈសំខាន់សម្រាប់បុគ្គល និងជាធនធាន សម្រាប់អភិវឌ្ឍន៍ជាតិ។ ការអប់រំជាសិទ្ធពីកំណើតសម្រាប់បុគ្គលម្នាក់ៗ ។ ការអប់រំ ជាការអភិវឌ្ឍ សមត្ថភាពមនុស្សជាតិ ដើម្បីលប់បំបាត់វិសមភាព ក្នុងសេដ្ឋកិច្ច សង្គម វប្បធម៌ គ្រួសារ/បុគ្គល ច្បាប់ នយោបាយ ព្រមទាំងរួមចំណែក ដល់ការកាត់បន្ថយភាព ក្រីក្រផងដែរ។ អត្រាចេះអាន សរសេរ ក្នុងចំណោមប្រជាជនកម្ពុជា សរុបអាយុ ៧ ឆ្នាំឡើង បានកើនឡើងពី ៧៨,៤ ភាគរយ ក្នុងឆ្នាំ២០០៨ ដល់ ៨៨,៥ ក្នុងឆ្នាំ២០១៩ ។
ទោះជាយ៉ាងណាក៍ដោយ មានគម្លាតនៅធំ រវាងអត្រាអក្ខរភាពប្រុស និងស្រី (៩១,១ ភាគរយ សម្រាប់ប្រុស និង ៨៦,២ ភាគរយ សម្រាប់ស្រី) គម្លាតនេះ មានខ្ពស់នៅជនបទ។ ជាទូទៅ វិសមភាពរវាងប្រុស និងស្រី លើមូលដ្ឋានអក្ខរភាព គីជាបញ្ហាចម្បង សម្រាប់ក្រសួងអប់រំ និងរដ្ឋាភិបាល ពិចារណាបន្ទាន់ ។ ក្រៅពីភាសារខែ្មរ ប្រជាជនកម្ពុជា មួយចំនួន ក៏ចេះភាសាផ្សេងទៀតផងដែរ ក្នុងនោះភាសាផ្សេងទៀត ក្រៅពីភាសាខ្មែរ ១,៥ ភាគរយ សម្រាប់ចេះតែភាសាខ្មែរ មាន ៩០,៩ ភាគរយ ភាសាខ្មែរ និងអង់គ្លេស មាន ៥,១ ភាគរយ ភាសាខ្មែរ និងភាសាផ្សេងទៀត ក្រៅពីភាសាអង់គ្លេស មាន ២,៥ ភាគរយ ។
អត្រាអក្ខភាព មនុស្សពេញវ័យ នៅកម្ពុជា មានការកើនឡើង យ៉ាងច្រើនពី ៧៧,៦ ភាគរយ នៅឆ្នាំ ២០០៨ ទៅ ៨៧,៧ ភាគរយ នៅឆ្នាំ២០១៩។ មានការផ្លាស់ប្តូរ គួរឱ្យកត់សម្គាល់ នៅក្នុងតំបន់ទីប្រជុំជន ដែលអត្រាអក្ខរភាពមនុស្សពេញវ័យ មាន ៩៣,៣ ភាគរយ ធៀបជនបទមាន ៨៣,៨ ភាគរយ ។ ចំណោមប្រជាជន ក្នុងក្រុមអាយុ ២០-២៤ ឆ្នាំ មិនបានបញ្ចប់កម្រិតបឋមសិក្សា មាន ២២,០ ភាគរយ បានបញ្ចប់កម្រិតបឋមសិក្សា ៣១,៩ ភាគរយ បញ្ចប់មធ្យមសិក្សាបឋមភូមិ ៣៣,៥ ភាគរយ បានបញ្ចប់មធ្យមសិក្សា / មានសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ មានបច្ចេកទេស/វិជ្ជាជីវៈ សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ មានបច្ចេកទេស/វិជ្ជាជីវៈ ៩,៣ ភាគរយ និងបានបញ្ចប់ សញ្ញាបត្រថ្នាក់ មហាវិទ្យាល័យ សញ្ញាបត្រថ្នាក់អនុបណ្ឌិត និងសញ្ញាបត្រថ្នាក់បណ្ឌិត ៣,២ ភាគរយ ។
អត្រាចុះឈ្មោះចូលរៀន មាន ៩០,៦ ភាគរយ និង៩១,៦ ភាគរយ សម្រាប់កុមារអាយុពី ៦-១១ ឆ្នាំ និង១២-១៤ ឆ្នាំ តាមលំដាប់រៀង ។ អត្រាចុះឈ្មោះចូលរៀន នៅសាលា ឬគ្រឹះស្ថានអប់រំណាមួយ របស់ក្មេងស្រី មានអត្រាស្មើគ្នានឹងក្មេងប្រុស ដែលមានក្រុម អាយុពី ៦-១១ ឆ្នាំ ហើយអត្រាក្មេងប្រុស ទាបជាងស្រីបន្តិច នៅ ក្រុមអាយុ ១២-១៤ ឆ្នាំ និងក្មេងស្រី ចាប់ផ្តើមទាបជាងក្មេងប្រុសវិញ ពេលដែលមានអាយុកើនឡើង៕/V-PC