ព័ត៌មានជាតិ សន្តិសុខសង្គម

ឆ្នេរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ ត្រូវបានសំអាត និងកែច្នៃអោយកាន់តែមានសោភណ្ឌភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ

(ព្រះសីហនុ)៖ រយៈពេល ៥ថ្ងៃនេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ អាជ្ញាធរក្រុងព្រះសីហនុ និងផ្នែកផ្សេងៗបាននាំកម្លាំងសំអាតនៅតាមបណ្តោយឆ្នេរមួយចំនួន មានដូចជាឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ។ ទន្ទឹមនឹងការសំអាតសំរាមក៏មានការកែលម្អឆ្នេរខ្សាច់ដោយកាប់កាយគាស់គល់ឈើងាប់ចេញ និងចាក់បំពេញខ្សាច់នៅតាមទីតាំងមួយចំនួនផងដែរ ធ្វើយ៉ាងណាអោយតំបន់ឆ្នេរកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដើម្បីរងចាំទទួលភ្ញៀវទេសចរចូលមកលេងកំសាន្តដោយក្តីសប្បាយរីករាយ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឱ្យដឹងថា «រយៈពេល ៥ថ្ងៃមកនេះ ក្រុមការងារប្រមូលដឹកចេញនូវគល់ឈើ ដើមឈើងាប់ និងសម្អាតដុំថ្មនៅតាមឆ្នេតអូត្រេះ១ អូត្រេះ២ និងឆ្នេរអូរឈើទាល២ បានចំនួន ៤២(ឡាន)ស្មើនឹង ៥០៤តោន។ កំលាំងដែលបានចូលរួមក្នុងសកម្មភាពសំអាតឆ្នេរនេះមាន ការពារ និងបុគ្គលិកសម្អាតឆ្នេរ ឆ្មាំសមុទ្រ ក្រុមហ៊ុនស្ថាបនាផ្លូវ ពិស្ណុការ សរុបចំនួន ១៣៧នាក់»។ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយពួកគេ នៅឆ្នេរអូរឈើទាល២ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយបានកោតសរសើរ និងផ្តល់ប្រាក់លើកទឹកចិត្តមួយចំនួនផង។

លោក គួច ចំរើន កាលពីមុននៅតំបន់នេះមានការលំបាកព្រោះមានសំរាម និងមិនមានលំហរសាធារណៈ សម្រាប់អោយភ្ញៀវមកលេងដោយសេរី។ ពេលនេះយើងបានរួមគ្នាប្រឹងប្រែង ដើម្បីរៀបចំកែលម្អបន្តិចម្ដងៗ រហូតក្លាយជាលំហសាធារណៈ មានឆ្នេរ មានកន្លែងដើរកម្សាន្តជាដើម។ ទោះបីថ្ងៃនេះយើងបានដឹកសំរាមចេញ មានគល់ឈើ ដើមឈើងាប់ និងដុំថ្មជាង ៥០០តោនក៏ដោយ ក៏សំរាមនៅមិនទាន់អស់ទេ។ យើងនៅតែបន្តយកចិត្តទុកដាក់កែលម្អឱ្យមានភាពស្រស់ស្អាតបន្ថែមទៀត ដើម្បីធានាថា អ្នកទេសចរទាំងឡាយមកកម្សាន្តនៅទីនេះមិនរំខាន។

លោក គួច ចំរើន បានកត់សំគាល់ថា «សំរាមកើតចេញមកដោយសារមនុស្ស។ អ្នកខ្លះបានខ្ចប់អាហារយកមកហូបនៅមាត់ឆ្នេរ ប៉ុន្តែអ្នកមួយចំនួនតូចពេលហូបហើយត្រឡប់ទៅវិញ មិនបានវិចខ្ចប់ទុកដាក់អោយបានត្រឹមត្រូវ ដោយគេបានបន្សល់សំរាមរាយប៉ាយនាំអោយប៉ះពាល់ដល់បរិស្ថានឆ្នេរសមុទ្រ។ វាជាទំលាប់អាក្រក់មួយគួរតែប្តូរចេញ»

លោកអំពាវនាវអោយមានការចូលរួមលើកកំពស់សម្រស់ឆ្នេររបស់យើងអោយបានស្អាត និងផ្លាស់ប្តូរទំលាប់មិនល្អបោះសម្រាមចោលពាសវាលពាសកាលនោះ ដោយងាកមករៀបចំទុកដាក់របស់របរប្រើប្រាស់របស់ខ្លួន អោយបានល្អមុននឹងចាកចេញទៅវិញពីកន្លែងហូបអាហារ។ បន្ថែមលើសនេះលោក អភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បណ្ដុះកូនស្ងាវ ដើម្បីយកមកដាំដុះនៅតាមបណ្តោយឆ្នេរដើម្បី ផ្តល់នូវសោភ័ណ្ឌភាព ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ៕

an

Leave a Reply

Your email address will not be published. Required fields are marked *