សិល្បះ និងកីឡា

ថ្នាក់ដឹកនាំកីឡាការ៉ាតេកម្ពុជា នាំគ្រូអន្ដរជាតិ ២រូបមកពង្រឹងចំណុចខ្វះខាតត្រៀមស៊ីហ្គេម

ការបញ្ជាក់របស់ប្រមុខកីឡាការ៉ាតេកម្ពុជាខាងលើ បានធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីចុងសប្ដាហ៍កន្លងទៅ។ គ្រូបង្វឹកអន្ដរជាតិទាំង ២រូប គឺមានលោក Hassan គ្រូបង្វឹកជំនាញផ្នែកប្រយុទ្ធខ្សែក្រវាត់ ៨ដាន់មកពីប្រទេសអ៉ីរ៉ង់ និងលោក Shoki Toyarma គ្រូបង្វឹកជំនាញផ្នែកកាតា មកពីប្រទេសជប៉ុន។

លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា «គ្រូបង្វឹកបរទេសទាំងពីរ ពិតជាមានឆន្ទៈខ្ពស់ចង់ជួយឲ្យកីឡាករ-កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយក្នុងការប្រកួតលើឆាកអន្ដរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្ដែគ្រូល្អ ខ្លាំងពូកែយ៉ាងណាក៏ដោយ បើកីឡាករ-កីឡាការិនី គ្មានទេពកោសល្យ គ្មានឆន្ទៈមោះមុត ស្មារតីរឹងមាំ ជាអ្នកប្រយុទ្ធពិតប្រាកដ ក៏មិនអាចឈ្នះគេបានដែរ»

ដូច្នេះសហព័ន្ធសង្ឃឹមលើការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក កីឡាការ-កីឡាការិនី ដែលត្រូវយកចិត្តទុកខ្ពស់ក្នុងការហ្វឹកហាត់ លះបង់ការឈឺចាប់ឲ្យដល់កម្រិត ដើម្បីទទួលបានគុណផលកីឡាការ៉ាតេកម្រិតខ្ពស់ ឆ្ពោះទៅដណ្ដើមជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងការប្រកួតកីឡាការ៉ាតេអន្ដរជាតិលើកឧត្តមភាពកីឡាការ៉ាតេកម្ពុជាលើឆាកអន្ដរជាតិផងដែរ។ លោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនី្នរ័ត្ន បន្ថែម។

ដូចគ្នានោះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធបានបន្ថែមថា គ្រូបង្វឹកអន្ដរជាតិទាំង២ បានមើលឃើញចំណុចខ្វះខាតមួយចំនួនរបស់កីឡាការ៉ាតេកម្ពុជា ដ្បិតរយៈពេល ២ឆ្នាំកន្លះ ដែលកម្ពុជាត្រៀមស៊ីហ្គេម គឺជាពេលដ៏ខ្លី។ ដូច្នេះសហព័ន្ធ និងជំនាញខាងលើ បាននឹងកំពុងសម្រួចយុទ្ធសាស្ដ្រធ្វើយ៉ាងណាស្វែងរកអ្នកមានទេពសល្យ ដើម្បីបង្ហាត់ពួកគេឲ្យក្លាយជាគ្រាប់ពេជ្រ ដែលអាចដណ្ដើមមេដាយជូនជាតិបាន។

គួរបញ្ជាក់ថា ការប្រកួតការ៉ាតេជើងឯកថ្នាក់ជាតិឆ្នាំនេះ គឺមានប្រតិភូ និងកីឡាករ-កីឡាការិនីសរុប ២៣៦នាក់ មកពី ២៣ក្លិបចូលរួម។ ជាលទ្ធផលក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស១១, ប្រាក់៧ និងសំរឹទ្ធ២ ស្របពេលក្លិបក្រសួងមហាផ្ទៃ ឈរនៅលេខ២ ឈ្នះមេដាយមាស៨, ប្រាក់១ និងសំរឹទ្ធ៦ និងក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ៣ ដោយឈ្នះមេដាយមាស៤, ប្រាក់១៤ និងសំរឹទ្ធ១១៕

an

Leave a Reply

Your email address will not be published. Required fields are marked *