(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការព្រួយបារម្ភចំពោះការចរាចរណ៍គ្រឿងញៀននៅកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងរីកសាយភាយដល់ទីជនបទ។ សម្តេចក្រឡាហោម បានលើកឡើងថា បើមិនស្រុះគ្នាធ្វើទេថ្ងៃណាមួយគ្រឿងញៀន នឹងត្រួតត្រាកម្ពុជា។ ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងមួយថ្ងៃមានខេត្តចំនួន៦ ទៅ១០ខេត្ត បានរកឃើញនូវករណីបទល្មើសគ្រឿងញៀនចន្លោះពីមួយ ទៅពីរករណី។ សម្តេចក្រឡាហោម ស ខេង គូសបញ្ជាក់ដូច្នេះ «ការបារម្ភ ការទស្សទាយរបស់ខ្ញុំមិនសូវខុសប៉ុន្មានទេ មានការបារម្ភអំពីគ្រឿងញៀន ដែលរាលដាលដល់ទីជនបទ។ ឥឡូវហ្នឹងគឺថាមួយថ្ងៃយ៉ាងតិចណាស់៦ខេត្ត ទៅ១០ខេត្ត មានមួយពីរករណី។ រឿងនេះបើយើងមិនស្រុះគ្នាដើម្បីធ្វើទេ គ្រឿងញៀនវាត្រួតត្រាយើងថ្ងៃណាមួយ»។ របាយការណ៍បានបង្ហាញថា ស្ថានភាពជួញដូរគ្រឿងញៀននៅកម្ពុជានៅតែមានសភាពស្រួចស្រាវ និងរីកសាយភាយកាន់ច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គ្មានសញ្ញាណថមថយនោះឡើយ។ នៅឆ្នាំ២០២០ របាយការណ៍បានបង្ហាញថា កម្លាំងនគរបាលបានបង្ក្រាបករណីគ្រឿងញៀនចំនួន ១០,១៩៣ករណីនៅទូទាំងប្រទេស។ របាយការណ៍បានឱ្យដឹងដែរថា ជនសង្ស័យ ២០,៩១៣នាក់ ក្នុងនោះមានស្ត្រីចំនួន ១,២៦៧នាក់ត្រូវបានឃាត់ខ្លួន។ ក្នុងចំណោមនោះមានជនបរទេស ៣៥៥នាក់ ដោយស្ត្រីមានចំនួន ៤៥នាក់ និងមានសញ្ជាតិសរុបចំនួន១៤។ […]
Day: February 2, 2021
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើសារលិខិជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៥ឆ្នាំ ឈានចូល ៧៦ឆ្នាំ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៥ឆ្នាំ ឈានចូល ៧៦ឆ្នាំ។ តាមរយៈសារជូនពរខាងលើ មានខ្លឹមសារទាំងស្រុងថា៖ «នៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៧៥ ឆ្នាំឈានចូល ៧៦ ឆ្នាំរបស់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា ខ្ញុំសូមសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងចូលរួមជូននូវសព្ទសាធុការពរជ័យបវរសួស្តីសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងសូមសម្តេចប្រធាន បានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវជ័យជម្នះថ្មីៗធំធេងថែមទៀត ក្នុងការពង្រឹងនីតិរដ្ឋលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការធ្វើកំណែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យការ ពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌សំដៅលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរថែមទៀត និងជាពិសេសការប្រយុទ្ធ ការពារនិងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ ១៩ ។ ឆ្លៀតក្នុងឱកាសដ៏បវរសួស្តី នៃអាយុវឌ្ឍនមង្គលប្រពៃថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឬទិ្ធបារមីថែរក្សាប្រាង្គប្រាសាទអង្គរទេវតាថែរក្សាឆ្នាំជូត ទោស័ក ព្រះនាម គោរាគ ទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុសចៅស្រីជាទីស្រឡាញ់ និងសមប្រកបដោយពុទ្ធពរ ដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ»។
អភិបាលខេត្តបាត់ដំបង ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ នៅស្រុកឯកភ្នំ
(បាត់ដំបង): ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅថ្ងៃ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន៦០០គ្រួសារ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ អំណោយដែលបានចែកជូននាឱកាសនេះ បានមកពីការចូលរួមរបស់ក្រុមហ៊ុនជីហ្គៀ គ្រុប អង្គការខាមបូឌាវីសិន(Cambodia Vision) សមាគមខ្មែរនៅទីក្រុងស៊ីដនី និង សប្បុរសជននៅប្រទេសអូស្ត្រាលី និង នៅក្នុងប្រទេសកម្ពុជា ។ នៅក្នុងនោះផងដែរ ឯឧត្តម សេង យូអ៊ាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកឯកភ្នំ ក៏បានឧបត្ថម្ភថវិកាចំនួន ២.០០០ដុល្លារអាម៉េរិក ក្នុងនោះ ប្រគេនព្រះសង្ឃនៅវត្តសេរីរតនារាមអន្លង់សាគរ ហៅ វត្តអន្លង់តាអួរ ចំនួន ៥០០ដុល្លារអាម៉េរិក ឧបត្ថម្ភដល់ការដឹកជញ្ជួនចំនួន ៦០០ដុល្លារអាម៉េរិក និង ជួនរដ្ឋបាលស្រុកចំនួន ៩០០ដុល្លារអាម៉េរិក។ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុន តំណាងអង្គការ និង សប្បុរសជនក្នុង និង ក្រៅប្រទេសដែលបានចូលរួមជាអំណោយជួនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៦០០គ្រួសារ […]