ព័ត៌មានជាតិ

ជូនដំណឹង! បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល នឹងបើកប្រាក់ប្រចាំខែវិច្ឆិកា សម្រាប់២សប្តាហ៍លើកទី១ ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកាតទៅ

(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់ប្រចាំខែវិច្ឆិកាសម្រាប់២សប្តាហ៍លើកទី១ ជូននិវត្តជន និងអតីតមន្ត្រីរាជការស៊ីវិល ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។ យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមប្រចាំខែវិច្ឆិកាសម្រាប់២សប្តាហ៍លើកទី១ ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអតីតមន្ត្រីរាជការស៊ីវិល នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ»។ ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។ ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ៧២៦ ៤៩១ ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣៕

ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ

APP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០–(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែងតាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា មិនមានការបិទប្រទេស ឬ រាជធានី-ខេត្ត ឬ តំបន់ណាមួយនោះទេ ដូចការផ្សព្វផ្សាយរបស់ជនអគតិមួយចំនួននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។ សម្តេចតេជោ បានបន្តថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ នៅពេលនេះ គឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព៕ដោយ៖ កន ចំណាន