ព័ត៌មានជាតិ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហការជាមួយសាលារាជធានីភ្នំពេញ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំសុខភាព ជូនពលរដ្ឋនៅខណ្ឌដង្កោ

(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានសហការជាមួយសាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដង្កោ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំសុខភាព ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីសុខភាពរស់ប្រចាំថ្ងៃបន្ទាប់ពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងចែកឃីត ដល់សហគមន៍ក្រីក្រ ចំនួន១កន្លែង គឺភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ សរុប៣២០ខ្នងផ្ទះនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ។ នៅក្នុងយុទ្ធនាការនេះ ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តចំនួន៦៥នាក់ បានចុះអប់រំសុខភាពដូចជា៖ ជំងឺរាគរូស ជំងឺគ្រុនឈាម និងវិធីបង្ការជំងឺផ្សេងៗ ដល់សហគមន៍ក្រីក្រ ក្រោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងបានចែកឱសថសម្រាប់ជំងឺរាគរូស ឈឺក្បាល គ្រុនក្តៅ ចំនួន ៣២០កញ្ចប់ និងអង្ករចំនួន ១០គីឡូក្រាម ក្នុងមួយគ្រួសារ។ សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ពដាក់ឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក៏បានចុះអប់រំសុខភាពដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការថែទាំសុខភាពតាមរយៈការរស់នៅស្អាតហូបស្អាត ផឹកស្អាត៕

សន្តិសុខសង្គម

បង្ក្រាបទីតាំងស្តុកឈើ ២ទីតាំងផ្សេងគ្នា ដកហូតឈើ២១ដុំ ដែលឈ្មួញបម្រុងនាំទៅវៀតណាម នៅស្រុកអណ្តូងមាស ខេត្តរតនគិរី

(រតនគិរី)៖ ដោយមានបទបញ្ជាពីលោក ថង សាវុន ប្រធានគណៈបញ្ជាការឯកភាព ខេត្តរតនគិរី នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន កម្លាំងអាវុធហត្ថខេត្ត, កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, កម្លាំងរដ្ឋបាលព្រៃឈើ, កម្លាំងអធិការនគរបាលស្រុកអណ្តូងមាស និងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអណ្តូងមាស ដឹកនាំដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះរឹបអូសឈើចំនួន២១ដុំ ដែលគរទៅគរលាក់ទុកចំនួន២ទីតាំផ្សេងគ្នា ដែលឈ្មួញបម្រុងដឹកទៅប្រទេសវៀតណាម។ បើតាមកម្លាំងដែលចុះប្រតិបត្តិការ ប្រាប់ឱ្យដឹងថា គំនរឈើទីតាំងទី១ រឹបអូសបានចំនួន១១ដុំ ស្ថិតក្នុងភូមិម៉ុយ និងទីតាំងទី២ រឹបអូសឈើបានចំនួន១០ដុំ ស្ថិតក្នុងភូមិកេត (ឃុំញ៉ាងស្រុកអណ្តូងមាស)។ ប្រភពព័ត៌មានខាងលើបន្តថា ចំនួនឈើសរុប២១ដុំនេះ បានធ្វើការវាស់វែងនៅកន្លែងជាក់ស្តែងមានចំនួន៦.៧២០ម៉ែត្រគូប។ បច្ចុប្បន្នវត្ថុតាងឈើខាងលើនេះត្រូវបានកម្លាំងចម្រុះប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីចាត់ចែងតាមច្បាប់ស្តីពីព្រៃឈើ។ទោះបីគណបញ្ជាការឯកភាពខេត្តរតនគិរីរឹតបណ្តឹងការដឹកជញ្ជូនឈើខុសច្បាប់គ្រប់រូបភាពយ៉ាងណាក៏ដោយនៅតែមានក្រុមឈ្មួញឈើលបលួចធ្វើសកម្មភាពដោយពុំខ្លាចច្បាប់នោះទេ។ សូមបញ្ជាក់ថាកាល ពីប៉ុន្មានថ្ងៃកន្លងមកនេះមានបណ្តាញសង្គម Facebook មួយចំនួនយករូបភាពម៉ូតូដឹកឈើដូចហែរកឋិនទៅប្រទេសវៀតណាមនោះ ទើបលោក ថង សាវុន បានបញ្ជាកម្លាំងចុះត្រួតពិនិត្យជាក់ស្តែងក្នុងភូមិសាស្ត្រខាងលើបានធ្វើការរឹបអូសឈើចំនួន២១ដុំ ស្មើនឹង៦.៧២០ម៉ែត្រគូប តែមិនប្រទះឃើញសកម្មភាពដូចបណ្តាញសង្គម Facebook បង្ហោះនោះទេ៕